SBU

ផ្នែកក្រោយឧត្តមសិក្សា  

សេចក្តីផ្តើម

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ(ព.ស.ស) គឺជាគ្រឹះស្ថានអប់រំសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងគ្រហស្ថ និងព្រះសង្ឃ។ ជាក់ស្តែង ព.ស.ស បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិសាសនា ជាពិសេសបានថែរក្សា និងលើកកម្ពស់នូវមុខវិជ្ជាកម្រ ដែលមានឯកទេស បាលី សំស្រ្កឹត និងទស្សនវិជ្ជាពុទ្ធសាសនា។ ការបណ្តុះបណ្តាលនេះ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អំពីការអភិវឌ្ឍធនធានមនុស្ស(យុទ្ធសាស្ត្របញ្ចកោណ)។ ជាគ្រឹះស្ថានអប់រំដ៏ចំណាស់មួយនៅក្នុងតំបន់អាស៊ី ចាប់តាំងពីឆ្នាំ១៩៥៤មក ព.ស.ស បានដើរតួនាទីយ៉ាងសំខាន់បំផុត ផលិតបាននូវធនធានបញ្ញវន្ត អ្នកប្រាជ្ញ បណ្ឌិត កវីជាច្រើនរូប ហើយបានបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន នៅទូទាំងប្រទេស។ ជាអកុសល ព.ស.ស ត្រូវបានបិទទ្វារនៅក្នងរបបប៉ុលពតមួយរយៈ(១៩៧៥-១៩៧៩)ហើយបានបន្តបិទរហូតមកដល់ឆ្នាំ១៩៩៦ទើបបើកឱ្យដំណើរការឡើងវិញ។ ទន្ទឹមនឹងបើកឱ្យដំណើរការឡើងវិញនេះគណៈគ្រប់គ្រងព.ស.ស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាព.ស.សបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសិក្សា និងពង្រីកបន្ថែមនូវកម្រិតសិក្សាជាបន្តបន្ទាប់។ នៅឆ្នាំ២០០៦ បានប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានការ បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើឯកទេសជាច្រើននិងបន្ថែមបង្កើតពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ បន្ថែមទៀត ដែលមានការបណ្តុះបណ្តាលគ្រូទាំងបីកម្រិត ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ។ ការអភិវឌ្ឍមិនឈប់ឈរនិងដើម្បីបំពេញនូវសេចក្តីស្រេកឃ្លាននៃការសិក្សារបស់សមណនិស្សិត និស្សិត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាច្រើនជំនាន់មកហើយនោះនៅឆ្នាំ២០១២ ព.ស.ស បានបង្កើនការបណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលសព្វថ្ងៃនេះ មាន៦ឯកទេស ក្នុងនោះមាន ទស្សនវិជ្ជា អក្សរសាស្ត្រខ្មែរ បាលី គ្រប់គ្រងអប់រំ គ្រប់គ្រងទូទៅ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ក៏បានបង្កើនការណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថែមទៀត។ រហូតមកដល់ពេលនេះ មានសមណនិស្សិត និស្សិត ជាច្រើនជំនាន់ ដែលបានបញ្ចប់ ហើយនឹងត្រូវសិក្សាកម្រិតថ្នាក់បណ្ឌិតបន្តទៀត ដើម្បីធ្វើការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅផ្នែកភាសាបាលីទស្សនវិជ្ជា ពុទ្ធសាសនា និងឯកទេសផ្សេងៗទៀត    ក្នុងន័យដើម្បីផលិតនូវធនធានមនុស្សប្រកបដោយ គុណភាព និងមានចំណេះជំនាញច្បាស់លាស់ សម្រាប់ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ទស្សនវិស័យ

ព.ស.ស បានខិតខំកសាងឱ្យមានធនធានបញ្ញវន្តសង្ឃ ដែលមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី ការស្រាវជ្រាវ គុណភាពដែលគេទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន

ពីថ្នាក់ជាតិរហូតដល់អន្តរជាតិដែលមានឋានានុក្រម និងជាវីរជនបែបប្រពៃណីប្រកប ដោយសនិទានភាព។

បេសកកម្ម

ព.ស.ស ប្តេជ្ញាផ្តល់ដល់សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នូវការបណ្តុះបណ្តាល និងការស្រាវជ្រាវ ប្រកបដោយគុណវុឌ្ឍិខ្ពស់ស្មើនឹងការសិក្សារបស់ប្រទេសនានានៅក្នុងតំបន់ដើម្បីជាគុណប្រយោជន៍ដល់សមណនិស្សិត និស្សិត គ្រប់រូប ដែលបានសម្រេចផ្ញើជោគវាសនារបស់ខ្លួននៅលើពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ព.ស.ស. ក៏បានប្តេជ្ញាថានឹងជួយបណ្តុះបណ្តាលដល់សមណនិស្សិត និស្សិតឱ្យមានសមត្ថភាពទទួលបានការងារតាមការរំពឹងទុកនិងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនជាភិយ្យោភាព។

គោលបំណង

នៅក្នុងសតវត្សរ៍ទី២១នេះ ការអប់រំដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព បានយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព ធនធានបញ្ញវន្តសង្ឃ ប្រកបដោយគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ ដើម្បីពង្រឹងគុណភាពអប់រំនៅពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា តាមរយៈការប្រែក្លាយគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា ឱ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ និងបង្កើតចំណេះដឹងថ្មី និងពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ជាពិសេស នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានគោលបំណងផ្តល់ឱកាសដល់សមណនិស្សិត និស្សិតសិក្សាឈ្វេងយល់ស៊ីជម្រៅនិងពង្រឹងសមត្ថភាពវិភាគបកស្រាយលើទស្សនៈនិងបញ្ហាពាក់ព័ន្ធនានា។ ដើម្បីសម្រេចនូវបំណងនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានដាក់ចេញនូវគោលបំណងចំបងមួយចំនួននៃយុទ្ធសាស្ត្រសត្តកោណចំណេះដឹងរបស់ខ្លួនគឺ៖

  • បង្កើនគុណភាពនៃការបង្រៀន និងការសិក្សា។
  • លើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំរបស់សាស្ត្រាចារ្យ និងបុគ្គលិក និងផ្តល់សេវាជានិរន្តរ៍។
  • បង្កើតឱកាសដល់សាស្ត្រាចារ្យ និងបញ្ញវន្តបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ក្នុង និងក្រៅ
  • ប្រទេស និងបង្កឱកាសដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីសហការគ្នាលើវិស័យសង្គម វប្បធម៌ និងសាសនា។
  • ជួយកសាងប្រទេសជាតិឱ្យមានការរីកចម្រើនឈានទៅរកការសម្រេចនូវ “គោលដៅ អភិវឌ្ឍនៃសហស្សវត្សរ៍ តាមរយៈការខិតខំប្រឹងប្រែងក្នុងការអប់រំដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព”។
  • ផ្តល់នូវកាលានុវត្តភាពថ្មីៗដល់ប្រទេសជាតិ ក្នុងន័យបញ្ចូលការអប់រំដើម្បីអភិវឌ្ឍ ប្រកបដោយ និរន្តរភាពទៅក្នុងកិច្ចខិតខំប្រឹងប្រែងនានានៃកំណែទម្រង់វិស័យអប់រំ។
  • ពង្រីកសមត្ថភាពកម្រិតខ្ពស់ក្នុងការប្រតិបត្តិសីល សមាធិ បញ្ញា
  • ធ្វើឱ្យមានជំនាញស្រាវជ្រាវ និងទស្សនវិស័យត្រឹមត្រូវ ដែលចាំបាច់ដើម្បីអភិវឌ្ឍសង្គមជាតិ និងសាកលលោកប្រកបដោយនិរន្តរភាព។

 

ថៃ រស្មី 2024-09-06