ប្រវត្តិ
គិតចាប់ពីឆ្នាំ១៩៥៣ សម្តេចព្រះនរោត្តមសីហនុ ទ្រង់បានសព្វព្រះរាជហឬទ័យឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាម ព្រះរាជក្រមលេខ៨៧៩នសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមការដឹក នាំផ្ទាល់ដោយសម្តេច ព្រះពោធិវ័ង្ស ហួត តាត មានការអប់រំបណ្តុះបណ្តាលសមណនិស្សិត-និស្សិតផ្តោតសំខាន់ ទៅលើឯកទេស ទស្សនវិជ្ជា និងពុទ្ធសាសនា ព្រមទាំងភាសាបាលីអស់រយៈកាល២១ឆ្នាំ និងត្រូវបានបិទទ្វារដូច ជាគ្រឹះស្ថានអប់រំនានា របស់រដ្ឋដែរនៅក្នុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញបណ្តើរៗ ដោយឡែកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧តាមលិខិតលេខ២១សជណផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ របស់រាជរដ្ឋាភិបាល ប៉ុន្តែការបង្កើតឡើងវិញលើកដំបូងនេះ គឺបានបណ្តុះបណ្តាលសមណសិស្សត្រឹមកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ នៅឆ្នាំ២០០០ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានបង្កើនកម្រិតនៃការបណ្តុះបណ្តាលដល់ថ្នាក់បរិញ្ញាបត្រ ឯកទេសទស្សនវិជ្ជាពុទ្ធសាសនារហូតដល់ឆ្នាំ២០០៣ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនូវពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀតតាមប្រកាសលេខ៦១ក.ធ.សប្រ. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនា។ ដោយការអភិវឌ្ឍមិនចេះឈប់ឈរស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកពុទ្ធិរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទឲ្យកាន់តែមានគុណភាពទាំងផ្លូវលោក និងផ្លូវធម៌នោះ នៅឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ០៥អនក្រ.បកចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤មានឯកទេសចំនួន៩និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ១ ក្នុងនោះមាន៖
១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
ឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា
ឯកទេស សង្គមវិជ្ជា
ឯកទេស នីតិសាស្ត្រ
២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្
ឯកទេស រដ្ឋបាលអប់រំ
ឯកទេស គ្រប់គ្រងទូទៅ
៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ
ឯកទេស អក្សរសាស្ត្រខ្មែរ
ឯកទេស បរិស្ថានវិទ្យា
៤.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស
ឯកទេស ភាសាបាលី-សំស្រ្កឹត
ភាសាអង់គ្លេស
៥.ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ
កម្រិតបឋម
កម្រិតមធ្យម
កម្រិតឧត្តម
មិនត្រឹមតែប៉ុណ្ណោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានពង្រីកសាខាតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីបំពេញតាមតម្រូវការរបស់សមណនិស្សិត និស្សិត ដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំដូចជា ៖
១- សាខាខេត្តកំពង់ឆ្នាំង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៣ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។
២- សាខាខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៤ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ (ត្រូវបានបង្កើតជាពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន (ព.ស.ហ.ស) តាមអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា)។
៣- សាខាខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៥ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨។
៤- បានបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមប្រកាសលេខ២៧៨/១២ក.ធ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់ចំណុចទី៤ លើឯកទេសចំនួន៥គឺ៖
ក.ឯកទេស ទស្សនវិជ្ជា
ខ.ឯកទេស អក្សរសាស្រ្តខ្មែរ
គ.ឯកទេស គ្រប់គ្រងអប់រំ
ឃ.ឯកទេស បាលីសំស្រ្កឹត
ង.ឯកទេស នីតិសាស្រ្ត
៣.និមិត្តសញ្ញា
និមិត្តសញ្ញា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៣ថ្នាក់ដូចជា៖
aba
- ថ្នាក់ក្រោមជាទម្រនៃស្រទាប់ផ្កាឈូក មានក្បាច់ជាស្រទាប់ៗព័ទ្ធជុំវិញ ដោយមានលូតចេញនូវផ្កាឈូក២នៅអមសងខាង
- ថ្នាក់កណ្ដាលជាទម្រជើងពានមានក្បាច់រចនាជាស្រទាប់ផ្កាឈូក
- ថ្នាក់លើជារង្វង់កងចក្រ៨កាំដែលមានផ្សាយចេញនូវពន្លឺ៩ជ្រុង
៣.១. អត្ថន័យនិមិត្តសញ្ញា
- ផ្នែកខាងក្រោមជាទម្រមានរាងជាបល្ល័ង្គ រចនាបទជាស្រទាប់ផ្កាឈូក តំណាងឲ្យវិសាលភាព នៃភាពរឹងមាំប្រកបដោយសេចក្ដីបរិសុទ្ធ ដែលតាំងស៊ុបលើផែនប្រថពី ដើម្បីបំពេញនូវអំពើល្អផ្សេងៗផ្កាឈូក២ (ពីរ) អបសងខាងជើងពាន ជាតំណាងឲ្យការរីកលូតលាស់នៃពុទ្ធចក្រនិងអាណា ចក្រដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន
- តួកណ្ដាលទម្រជើងពាន ជាតំណាងឲ្យភាពទទួលខុសត្រូវនៃការដំណើរការនិងការ ប្រព្រឹត្ដទៅរបស់កងចក្រនិងភាពរុងរឿងក្នុងការផ្សាយចេញនូវពន្លឺរបស់លោកុត្ដរធម៌
- រង្វង់កងចក្រដែលមានកាំ៨ ជាតំណាងឲ្យការប្រព្រឹត្ដទៅនូវអដ្ឋង្គិគមគ្គ ដែលជាធម៌ញ៉ាំងសត្វទាំងឡាយឲ្យរស់នៅប្រកបដោយសន្ដិភាព និង សេចក្ដីសុខដ៏ប្រសើរបំផុតក្នុងលោក
- ពន្លឺទាំង៩ជ្រុង ជាតំណាងឲ្យផលនៃការបដិបត្ដិនូវអដ្ឋង្គិគមគ្គ ដែលនឹងទទួលបាននូវលោកុត្ដរធម៌ទាំង៩(ប្រាំបួន) គឺ មគ្គ ៤(បួន) ផល៤(បួន) និងនិព្វាន១(មួយ)។
៤.ពាក្យស្លោក
ត្រៃសិក្ខា គឹ សីល សមាធិ បញ្ញា ត្រូវបានប្រើជាពាក្យស្លោករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង គ្រប់សាខាទាំងអស់។
សីលៈ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ ឬ ប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទ ឬ វិនយប្បញ្ញតិ្ត។ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។
សមាធិៈគឺជាដំណើរតាំស៊ប់មាំនៃចិត្ត ការចុះចិត្តស៊ប់ ឬ ស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង។ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្តចងចិត្តឲ្យជាប់ក្នុងអារម្មណ៍តែមួយមិនបណ្តោយឲ្យចិត្តត្រាច់ចរទៅរកអារម្មណ៍ផ្សេងៗ។
បញ្ញាៈ បានដល់ការដឹងច្បាស់នូវសេចក្តីពិត ការចាក់ធ្លុះនូវសច្ចធម៌។
ថៃ រស្មី 2024-09-17