ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំនិងព័ត៌មានវិទ្យា
សេចក្តីផ្តើម
កម្មវិធីបណ្តុះបណ្តាលជំនាញរដ្ឋបាលអប់រំ ជាកម្មវីធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើជំនាញឯកទេសវិទ្យាសាស្រ្តអប់រំ និងរដ្ឋបាលអប់រំ នៅក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។ កម្មវីធីបណ្តុះបណ្តាល ផ្តោតទាំងលើកម្មវិធីវិជ្ជាជីវៈជំនាញ(Professional Program) និងកម្មវិធីសិក្សាស្រាវជ្រាវ(Academic Program) លើកិច្ចការអប់រំ រដ្ឋបាលអប់រំ និងគ្រប់គ្រង អប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស សម្រាប់បម្រើការការងារជាអ្នកអប់រំ អ្នករដ្ឋបាលអប់រំ និងអ្នកស្រាវជ្រាវអប់រំ។កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវអនុវត្តតាមប្រព័ន្ធក្រេឌីត និងមានរយៈពេល ៤ឆ្នាំ ដោយរាប់បញ្ចូលនូវការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរយៈពេល ១ឆ្នាំ និងការសិក្សាលើមុខវិជ្ជា ជំនាញឯកទេសអប់រំរយៈពេល ៣ឆ្នាំ។ កម្មវិធីនេះ តម្រូវឱ្យសមណនិស្សិត និស្សិត រៀនទាំងទ្រឹស្តី និងការអនុវត្តតាមមុខវិជ្ជាក្នុងឆមាសនីមួយៗ។ សមណនិស្សិត និស្សិត ត្រូវប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ដើម្បីវាយតម្លៃសមត្ថភាពសិក្សា និងវាស់វែងលទ្ធផលសិក្សា។នៅឆមាសនៃឆ្នាំសិក្សាចុងក្រោយសមណនិស្សិត និស្សិតត្រូវធ្វើការស្រាវជ្រាវ រៀបចំ និងសរសេរសារណា។ សមណនិស្សិត និស្សិត ដែលបានបញ្ចប់តាមកម្មវិធីបណ្តុះបណ្តាល ដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រ ជំនាញឯកទេសរដ្ឋបាលអប់រំ។
បេសកកម្ម
- គ្រប់គ្រងទេពកោសល្យមនុស្ស ដើម្បីចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ខាងការអប់រំ។
- ធ្វើកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងចែករំលែកលើវិស័យវិទ្យាសាស្រ្តអប់រំ។
- បណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយការអប់រំ ការរដ្ឋបាលអប់រំ និងគ្រប់គ្រងទូទៅ។
- រៀបចំនិងអភិវឌ្ឍព្រះសង្ឃ និងយុវជន ឱ្យមានឥរិយាបថស្វ័យសិក្សាស្រាវជ្រាវ លើរដ្ឋបាលអប់រំនិងគ្រប់គ្រងទូទៅ។
គោលបំណង
- ដើម្បីបណ្តុះចំណេះដឹង ជំនាញ និងសមត្ថភាពគិតលំដាប់ខ្ពស់ ក្នុងវិទ្យាសាស្រ្តអប់រំ និងការគ្រប់គ្រងអប់រំ។
- ដើម្បីបណ្តុះសេចក្តីមេត្តា ករុណា សីលធម៌ និងគុណធម៌ ក្នុងការអប់រំ ការគ្រប់គ្រងអប់រំ ។
- ដើម្បីជួយពង្រីកស្វ័យសក្តានុពលនិងតម្លៃជាមនុស្សនិយមក្នុងការសិក្សាស្រាវជ្រាវលើរដ្ឋបាលអប់រំ ។
ថៃ រស្មី 2024-09-04